ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៩:២៣:៣៩ ល្ងាច

ចំណេះដឹងទូទៅ៖ ម៉ាគីអាវេលី ជាបិតាទស្សនវិជ្ជានយោបាយសម័យទំនើប បង្កើតបដិវត្តន៍ផ្នត់គំនិតឲ្យឈប់ជឿលើការដឹកនាំបែបអាទិទេព

ចំណេះដឹងទូទៅ៖ ម៉ាគីអាវេលី ជាបិតាទស្សនវិជ្ជានយោបាយសម័យទំនើប បង្កើតបដិវត្តន៍ផ្នត់គំនិតឲ្យឈប់ជឿលើការដឹកនាំបែបអាទិទេព

២៨/០៤/២០២១

(អ៉ីតាលី)៖ នៅទ្វីបអឺរ៉ុបនាសម័យបុរាណ ស្ដេចមានអំណាចសម្រេចកិច្ចការនានា ព្រោះគេជឿថាស្តេចគឺជាអាទិទេព ហើយបញ្ជារបស់ស្ដេចគឺប្រៀបបានទៅនឹងបញ្ជារបស់អាទិទេព។ ប៉ុន្តែក្រោយមក ក៏មានអ្នកប្រាជ្ញអ៉ីតាលីម្នាក់បានបង្កើតបដិវត្តន៍ផ្នត់គំនិតពីការជឿលើការដឹកនាំបែបអាទិទេព មកជឿលើការដឹកនាំបែបមនុស្សវិញ។ តាំងពីពេលនោះមក វិស័យនយោបាយ និងការដឹកនាំរដ្ឋ ក៏មានការផ្លាស់ប្ដូរតាមបែបទំនើបតរៀងមក។

* តើអ្នកប្រាជ្ញរូបណាដែលបង្កើតឱ្យមានបដិវត្តន៍ផ្នត់គំនិត ឈប់ជឿលើការដឹកនាំបែបអាទិទេពយ៉ាងដូច្នេះ?

គាត់គឺលោក នីកូឡូ ម៉ាគីអាវេលី (Niccolò Machiavelli) ឬហៅតាមឈ្មោះពេញថា នីកូឡូ ឌី ប៊ែរណាដូ ដី ម៉ាគីអាវេលី (Niccolò di Bernardo dei Machiavelli)។ ម៉ាគីអាវេលី កើតនៅទីក្រុងហ្វ្លូរិន (Florence) ប្រទេសអ៉ីតាលីអ៉ីតាលី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ១៤៦៩ ដែលជាសម័យកាលច្របូលច្របល់ ក្នុងពេលដែលអ៉ីតាលីត្រូវបានបែងចែកជាចំណែកៗដោយសារសង្គ្រាម។ លោកគឺជាកូនទី៣ និងជាកូនប្រុសដំបូងរបស់លោកមេធាវី ប៊ែរណាដូ ឌី នីកូឡូ ម៉ាគីអាវេលី (Bernardo di Niccolò Machiavelli) និងលោកស្រី បារតូឡូមៀ ឌី ស្តេហ្វាណូ ណេលី (Bartolomea di Stefano Nelli)។

* អាជីព និងស្នាដៃរបស់ម៉ាគីអាវេលី

ម៉ាគីអាវេលី ធ្លាប់បម្រើការងារជាមន្ត្រីការទូត និងជាទស្សនវិទូនយោបាយ អ្នកនិពន្ធ ប្រវត្តិវិទូ និងជាអ្នកទ្រឹស្តីសង្គ្រាម ដែលត្រូវបានគេប្រសិទ្ធនាមថា «បិតាផ្នែកទស្សនវិជ្ជានយោបាយសម័យទំនើប» មួយរូប។

ម៉ាគីអាវេលី បានក្លាយជាអ្នកការទូត ក្រោយពីការដួលរលំជាបណ្តោះអាសន្នរបស់រាជវង្សមេឌីស៉ី (Medici family) ដែលគ្រប់គ្រងទីក្រុងហ្វ្លូរិន ក្នុងឆ្នាំគ្រិស្ដសករាជ ១៤៩៤។ គាត់ធ្វើការផ្នែកនេះអស់រយៈពេល ១៤ ឆ្នាំ នៅក្នុងរបបសាធារណរដ្ឋហ្វ្លូរិន (Republic of Florence)។ កិច្ចការដែលលោកត្រូវបំពេញប្រចាំថ្ងៃ ភាគច្រើនជាកិច្ចការទំនាក់ទំនងការបរទេស។

ក្រៅពីនេះ លោកក៏បានធ្វើការជាអ្នកការទូតឱ្យបណ្តាប្រទេសជាច្រើនផងដែរ ដូចជាធ្វើជាអ្នកនាំពាក្យទៅកាន់វិមាសម្តេចប៉ាប វិមានអធិរាជបារាំង វិមានអធិរាជអាល្លឺម៉ង់ ក៏ដូចជាអ្នកនាំពាក្យទៅកាន់រដ្ឋាភិបាលអ៉ីតាលីផងដែរ។ លោកបានធ្វើការបែបនេះរហូតដល់គ្រិស្ដសករាជ ១៩៥២ ហើយក្នុងរយៈពេលនោះ លោកបានជួបជាមួយនឹងអ្នកនយោបាយកំពូលៗជាច្រើន ដូចជា សម្តេចប៉ាប ព្រះចៅអធិរាជ និងព្រះអង្គម្ចាស់ជាច្រើនអង្គទៀត។

នៅគ្រិស្ដសករាជ ១៩៥២ ប្រទេសអ៉ីតាលីបានទទួលរងការវាយប្រហារជាច្រើនពីប្រទេសបារាំង អេស្ប៉ាញ ស្វីស និងអាល្លឺម៉ង់។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យរដ្ឋាភិបាលសាធារណរដ្ឋអ៉ីតាលីដួលរលំ ហើយអំណាចថ្មីក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សមេឌីស៉ីជាថ្មីម្ដងទៀត។ ដោយសារតែលោក ម៉ាគីអាវេលី ធ្លាប់ប្រឆាំងនឹងរាជវង្សមេឌីស៉ី ការសងសឹកក៏បានកើតឡើង ដោយនៅគ្រិស្ដសករាជ ១៩៥៣ ម៉ាគីអាវេលី ត្រូវគេធ្វើទារុណកម្ម និងចាប់ដាក់ពន្ធនាគារ ដោយសារការចោទប្រកាន់ថា ពាក់ព័ន្ធនឹងរបបគ្របគ្រងប្រឆាំងនឹងរាជវង្សមេឌីស៉ី។ លុះក្រោយមក លោកក៏ត្រូវបានគេដោះលែងវិញ។

អំឡុងពេលអត់ការងារធ្វើនោះ ម៉ាគីអាវេលី លួចសរសេរឯកសារជាច្រើនដោយស្ងៀមស្ងាត់ ខណៈស្នាដៃទាំងនោះគឺពាក់ព័ន្ធទៅនឹងការរិះគន់របបរាជានិយម ការយកពន្ធ ក៏ដូចជាស្នាដៃបង្ហាញពីសិល្បៈសង្គ្រាម និងប្រវត្តិទីក្រុងហ្វ្លូរិនផងដែរ។ ស្នាដៃដ៏ល្បីល្បាញជាងគេរបស់លោក គឺសៀវភៅដែលមានឈ្មោះថា «សម្តេច»

* ទ្រឹស្តីនយោបាយសំខាន់ៗរបស់ម៉ាគីអាវេលី
ទ្រឹស្ដីសំខាន់ជាងគេរបស់ម៉ាគីអាវេលី គឺការលើកឡើងថា «មនុស្សជាមជ្ឈមណ្ឌលនៃចក្រវាឡ តែមិនមែនជាអាទិទេពឡើយ»។ ប្រការនេះ ម៉ាគីអាវេលី ចង់បានន័យថា មនុស្សរស់នៅលើផែនដី ត្រូវតែមានអ្នកដឹកនាំដោយមនុស្ស មិនមែនយកអាទិទេពពីឋានលើមកដឹកនាំឋានមនុស្សឡើយ។

ទ្រឹស្ដីសំខាន់មួយទៀត គឺលោកបានលើកឡើងថា «អាទិទេពមិនអាចធ្វើរឿងគ្រប់យ៉ាងបានឡើយ, ដូច្នេះហើយមនុស្សយើងត្រូវរៀនពឹងលើខ្លួនឯង ហើយចែករំលែកភាពជោគជ័យដែលជាកម្មសិទ្ធិរបស់យើង»។ ត្រង់ចំណុចនេះ លោកចង់បានន័យថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គឺជាបានពីការខិតខំរបស់ពួកគេផ្ទាល់ ពោលគឺមិនមានអាទិទេពណាមកជួយឱ្យពួកគេឈានដល់ភាពជោគជ័យដោយងាយស្រួលឡើយ។

ឆ្លងកាត់វិថីនយោបាយជាច្រើនឆ្នាំមកនោះ ម៉ាគីអាវេលី យល់ឃើញថា «សាសនាគ្រាន់តែជាហេតុការណ៍នយោបាយ ដែលយើងអាចសិក្សា វិភាគ និងប្រើប្រាស់បាន»។ សម្រាប់ ម៉ាគីអាវេលី សាសនាមិនមែនជាអំណាច និងការយល់ដឹងជាន់ខ្ពស់ឡើយ។ លោកថែមទាំងបានប្រឆាំងនឹងទស្សនៈបុរាណមួយថា «សន្ធានសាសនា មានឥទ្ធិពលលើគោលបំណងនយោបាយ» ដោយលោកបានពន្យល់អះអាងវិញថា «មានតែឥទ្ធិពលនៃរចនាសម្ពន្ធសង្គម និងការខ្វែងគំនិតគ្នានៅក្នុងសង្គមនោះទេ ដែលមានឥទ្ធិពលទៅលើនយោបាយ និងទម្រង់គ្រប់គ្រងរដ្ឋ។ ការខ្វែងគំនិត ដែលលោកលើកឡើងនេះ គឺមិនជាការឈ្នះប្រកែកកាប់ចាក់គ្នានោះឡើយ តែលោកចង់បានន័យថា ជាការជជែកវែកញែកគ្នាអំពីបញ្ហាសង្គម។

ជាការពិតណាស់ ក្នុងសម័យកាលម៉ាគីអាវេលីនោះ មានអ្នកទ្រឹស្តីនយោបាយជាច្រើនបានដកខ្លួនពីទស្សនៈផ្តេកផ្តួលលើកម្លាំងខាងក្រៅ ដែលពីមុនមកពួកគេបានចាត់ទុកថា កម្លាំងនេះអាចស្វែងរកក្តីសុខ និងភាពរុងរឿងជូនពួកគេបាន។ ពួកគេបានងាកមកយកចិត្តទុកដាក់ទៅលើបញ្ហាអាទិភាពរដ្ឋ និងគោលបំណងរបស់វាជាធំ ដោយបានដកខ្លួនចេញពីទស្សនវិជ្ជាសាសនា ហើយងាកមករកទស្សនទាន និងការត្រិះរិះពិចារណាជាមូលដ្ឋានវិញ ដែលត្រូវបានគេយល់ថាជាឧបករណ៍ដ៏ចម្បងក្នុងការស្វែងរកពុទ្ធិពិតប្រាកដ។

បញ្ហាចម្បងនៅក្នុងសម័យកាលនោះ គឺការសួររកមូលហេតុនៃកំណកំណើតសង្គមពលរដ្ឋ និងការបង្កើតរដ្ឋ។ នៅក្នុងសម័យនោះ ត្រូវបានគេយល់ឃើញថារដ្ឋជាអង្គការឯករាជ្យមួយ ដែលមានភាពចាំបាច់សម្រាប់ការពារយុត្តិធម៌ និងធានាសុវត្ថិភាពដល់មនុស្ស។ សម័យកាលនោះ គឺជាសម័យកាល ដែលមនុស្សងាកពីឋានសួគ៌ មកយកចិត្តទុកដាក់លើបញ្ហាជីវិតលើផែនដី និងវាសនារបស់មនុស្សលោកពិតៗវិញ។

លោក នីកូឡូ ម៉ាគីអាវេលី បានទទួលមរណភាពនៅថ្ងៃទី២១ ខែមិថុនា គ្រិស្ដសករាជ ១៥២៧ នៅទីក្រុងហ្វ្លូរិន ប្រទេសអ៉ីតាលី ក្នុងជន្មាយុ ៥៨ ឆ្នាំ (១៤៦៩-១៥២១)៕

ប្រភព៖ វេបសាយ Biography.com, សៀវភៅប្រវត្តិគំនិតនយោបាយ និងទ្រឹស្តីរដ្ឋ (បណ្ឌិត ឈុន ណារ៉េត) និងគេហទំព័រ Quodid.com
រៀបរៀង៖ Fresh News Plus

By Fress News