(ពិភពលោក)៖ មានការខ្វែងគំនិតខ្លះអំពីការបង្កើត «ត្រីវិស័យ» ដោយអ្នកខ្លះថាវាត្រូវបានបង្កើតឡើងដោយពួកអឺរ៉ុប អ្នកខ្លះទៀតថាវាត្រូវបានបង្កើតឡើងដោយជនជាតិចិន រីឯអ្នកមួយចំនួនទៀតនោះក៏មិនទាន់ដឹងជាក់ប្រាកដថា ឧបករណ៍ដ៏សំខាន់នេះបង្កើតឡើងដោយអ្នកណា តើត្រូវប្រើប្រាស់វាយ៉ាងដូចម្ដេច ហើយវាមានសារប្រយោជនយ៉ាងណាខ្លះសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ដូច្នេះហើយបាន Fresh News Plus សូមលើកយកនូវប្រធានបទមួយនេះ មកបកស្រាយជូនទស្សនិកជនឱ្យបានជ្រាបច្បាស់ទាំងអស់គ្នា ដែលមានខ្លឹមសារដូចតទៅ៖
មុននឹងមានឧបករណ៍ទំនើបសម្រាប់ចង្អុលប្រាប់ទិសតំបន់ ដូចជា GPS ឬ Google Map ឬផែនទីដូចពេលបច្ចុប្បន្ន មនុស្សជំនាន់ដើមបានប្រើប្រាស់ក្បូនតារាសាស្ត្រមួយចំនួន ដូចជាការអង្កេតមើលផ្កាយ ព្រះអាទិត្យ ព្រះច័ន្ទ ឬបាតុភូតធម្មជាតិជាដើម។ ប៉ុន្តែវិធីទាំងនេះមិនអាចប្រើការបាននៅពេលអាកាសធាតុប្រែប្រួល ពេលមេឃចុះអ័ព្ទ ពេលមានពពកបាំងជិតពន្លឺព្រះអាទិត្យ ឬនៅពេលមានព្យុះភ្លៀងនោះឡើយ។ ហេតុនេះហើយ ទើបមនុស្សជំនាន់ក្រោយមកទៀតរកឃើញនូវមធ្យោបាយដ៏ពិសេសមួយ ដើម្បីប្រើប្រាស់បានគ្រប់ស្ថានភាពលំបាកៗ និងមានភាពសុក្រឹតជាងមុននោះគឺត្រីវិស័យ ឬ Compass។
* ប្រវត្តិនៃការបង្កើត និងការប្រើប្រាស់ត្រីវិស័យ
ត្រីវិស័យត្រូវបានបង្កើតឡើងដំបូងដោយមេទ័ពជើងទឹកចិនមួយរូប នាសម័យរាជវង្សហាន (Han Dynasty ឆ្នាំ២០២មុនគ.ស ដល់ឆ្នាំ២២០នៃគ.ស) កាលពីជាង២០០០ឆ្នាំមុន ដែលភាសាចិនបុរាណហៅថា ល័រផាន (Luópán)។ មុនបង្កើតបានជាត្រីវិស័យ ដំបូងឡើយគេបានដាក់ស្លាព្រាដែកនៅលើក្ដារហ្វឹងស៊ុយ (Feng Shui) ដោយការចៃដន្យ ប៉ុន្តែស្រាប់តែដងស្លាបព្រានោះវិលទៅរកទិសមួយដដែលជាដដែល ទោះបីគេប្ដូរទិសវាទៅមកៗក៏ដោយ ហើយទិសដែលដងស្រាបព្រាវិលទៅរកនោះ ត្រូវបានគេដឹងថាជាទិសខាងជើង។ ហ្វឹងស៊ុយនេះ គ្រាន់តែជាក្ដារទស្សទាយជោគជតារាសីរបស់ជនជាតិចិនបុរាណតែប៉ុណ្ណោះ។
រហូតដល់សម័យរាជវង្សសុង (Song Dynasty ៩៦០-១២៧៩) ជនជាតិចិនបានកែច្នៃអភិវឌ្ឍន៍ត្រីវិស័យបន្ថែម និងមានការនិយមប្រើប្រាស់កាន់តែខ្លាំងក្នុងការធ្វើនាវាចរណ៍។ មួយទៀតសោត ត្រីវិស័យក៏ត្រូវបានគេប្រើសម្រាប់ទស្សទាយអំពីជោគជតារាសីរបស់ជនជាតិចិន នាសម័យបុរាណផងដែរ។ លោក សេន គួយ (Shen Kuo 1031–1095) ជនជាតិចិនកើតក្នុងសម័យរាជវង្សសុង គឺជាអ្នកពិពណ៌នាយ៉ាងច្រើនអំពីត្រីវិស័យដែលចិនបានរកឃើញឱ្យពិភពលោកបានស្គាល់ និងត្រូវបានពាំនាំយកទៅផ្សព្វផ្សាយបន្តនៅទ្វីបអឺរ៉ុប។
* តើត្រីវិស័យដំណើរការយ៉ាងដូចម្ដេច?
ទ្រនិចរបស់ត្រីវិស័យត្រូវបានធ្វើឡើងអំពី «ម្ជុលមេដែក ឬម្ជុលម៉ាញ៉េទិក» ចង្អុលទៅទិសខាងជើងតែមួយគត់។ ត្រង់ចំណុចនេះ អ្នកវិទ្យាសាស្ត្របានពន្យល់ថា ផែនដីរបស់យើងគឺមានស្នូលខាងក្នុង និងស្នូលខាងក្រៅ រួមទាំងស្រទាប់ពីខាងក្រៅ។ នៅស្នូលខាងក្នុងរបស់ផែនដីមានមេដែកធម្មជាតិម្យ៉ាង កើតចេញពីការសំយោគរវាងដែក និងអុកស៉ីសែន ឬហៅថា ដែកអុកស៉ីដ (Fe3O4) ដែលមានទម្រង់ជារូបធាតុរឹង រីឯស្នូលខាងក្រៅផែនដីមានមេដែកធម្មជាតិផ្សេងទៀត ដូចជាដែក (Fe) និង នីកែល (Ni) តែស្ថិតក្នុងទម្រង់ជារូបធាតុរាវ។
ផែនដីធ្វើចលនាវិលជុំវិញអ័ក្សរបស់ខ្លួនឯង ដែលចលនានេះនាំឲ្យមេដែកធម្មជាតិក្នុងទម្រង់ជារូបធាតុរាវនោះក៏មានចលនាដែរ ហើយបង្កើតបានជាដែនម៉ាញេទិចនៅប៉ូលខាងជើង និងប៉ូលខាងត្បូង។ នៅពេលមេដែកពីរដែលមានប៉ូលបូក ឬប៉ូលដកដូចគ្នា វាប្រាកដជាច្រានគ្នាចេញ រីឯមេដែកដែលមានប៉ូលផ្ទុយគ្នា វាប្រាកដជាទាញគ្នាចូល។ ម្ជុលមេដែកនៅក្នុងត្រីវិស័យអាចចង្អុលទិសបាន ក៏ដោយសារតែវាត្រូវបានឆក់ទាញដោយដែនម៉ាញេទិច ដែលបង្កើតឡើងដោយផែនដីនេះឯង។
នៅលើត្រីវិស័យមានក្រិតទិសធំៗទាំងបួនរួមមាន៖ ទិសខាងជើងត្រូវនឹងមុំ ០ ឬមុំ ៣៦០ដឺក្រេ ទិសខាងកើតត្រូវនឹងមុំ ៩០ដឺក្រេ ទិសខាងត្បូងត្រូវនឹងមុំ ១៨០ដឺក្រេ និងទិសខាងលិចត្រូវនឹងមុំ ២៧០ដឺក្រេ។ ក្រៅពីនេះក៏មានក្រិតមុំតូចៗផ្សេងទៀតចាប់ពីមុំ ០-៣៦០ដឺក្រេ។
* ការអភិវឌ្ឍត្រីវិស័យនៅអឺរ៉ុប
ក្រោយពីរាជវង្សសុងដួលរលំដោយសារការឈ្លានពានពីសំណាក់ម៉ុងហ្គោលនៅឆ្នាំ១២៧៩ រួចមក រាជវង្សយ័នរបស់ម៉ុងហ្គោលក៏បានត្រួតត្រាប្រទេសចិនជំនួសវិញម្ដង។ នាកំលុងពេលនោះ លោក ម៉ាកូប៉ូឡូ (Marco Polo) ដែលជាអ្នកផ្សេងព្រេងជនជាតិវ្យែនមកពីអឺរ៉ុប បានទៅធ្វើដំណើរទៅដល់ប្រទេសចិន។ នៅពេលត្រលប់ពីប្រទេសចិនទៅអឺរ៉ុបវិញ លោក ម៉ាកូប៉ូឡូ បានផ្សព្វផ្សាយពីវត្ថុចម្លែកៗមួយចំនួនដែលជនជាតិបុរាណបានរកឃើញប្រាប់ទៅកាន់ពួកជនជាតិអឺរ៉ុប ក្នុងនោះក៏មានត្រីវិស័យនេះផងដែរ។
នៅប្រមាណ១០០ឆ្នាំក្រោយមក ពួកជនជាតិអឺរ៉ុបក៏ចាប់ផ្តើមប្រើប្រាស់ត្រីវិស័យនេះតាមជនជាតិចិនដែលលោក ម៉ាកូប៉ូឡូ នាំយកទៅនោះ ហើយត្រីវិស័យដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺយកតាមទម្រង់ដើមដែលត្រូវបានអភិវឌ្ឍថ្មីនាអំឡុងឆ្នាំ១២០០៕
ប្រភព freshnews