(បរទេស)៖ ក្រុមហ៊ុន Meta ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងបញ្ឈប់ការប្រើប្រាស់កាបូបលុយឌីជីថលដែលមានឈ្មោះថា Novi (Digital wallet) នៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ ក្រោមហេតុផលមិនច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
នៅលើគេហទំព័ររបស់ Novi បានបង្ហោះព័ត៌មានទាក់ទងនឹងការបិទ ឬការបញ្ឈប់ ឱ្យ ប្រើប្រាស់ កាបូបលុយឌីជីថល និងបានជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យធ្វើការដកប្រាក់ ឬផ្ទេរប្រាក់ចេញពី កាបូបលុយឌីជីថលនេះឱ្យបានមុនថ្ងៃទី០១ ខែកញ្ញាខាងមុខ ខណៈដែល Novi គឺជាគម្រោង Facebook crypto ចុងក្រោយបំផុត ដែលនៅសេសសល់។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Meta បានព្យាយាមពង្រីកវិសាលភាពនៃបណ្ដាញសង្គម Facebook ឱ្យទៅជាប្រព័ន្ធ e-commerce និងការទូទាត់ប្រាក់ជាសកល ដោយបានបង្កើតរូបិយប័ណ្ណឌីជីថល «Diem» ដែលដំបូងឡើយមានឈ្មោះថា «Libra» ប៉ុន្តេកាលពីដើមឆ្នាំ២០២២នេះ អាជីវកម្ម និងបច្ចេកវិទ្យារូបិយប័ណ្ណឌីជីថល «Diem» ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Silvergate Capital Corp ក្នុងតម្លៃ ២០០លានដុល្លារអាមេរិកវិញ។
គួរបញ្ជាក់ផងដែរថា គម្រោងបង្កើត «Libra» ត្រូវបានរារាំងដោយ រដ្ឋាភិបាលអាមេរិក និងតំណាងសហគមន៍ធំ ៗ ជាច្រើននៅអឺរ៉ុប ដោយសារភ័យខ្លាចការចរាចរណ៍លុយខ្មៅនៅលើបណ្ដាញសង្គមយក្សមួយនេះ៕
ប្រភព http://plus.freshnewsasia.com/