ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៧:២៨:២៤ ល្ងាច

ក្រសួងមហាផ្ទៃ រក្សាភាពខ្លាំងក្នុងការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ

ក្រសួងមហាផ្ទៃ រក្សាភាពខ្លាំងក្នុងការប្រកួតកីឡាវាយសីជើងឯកថ្នាក់ជាតិ

(ភ្នំពេញ)៖ ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃ បានរក្សាភាពខ្លាំងដោយដណ្ដើមបានមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០២-០៤ ខែកក្កដា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីបិទការប្រកួតនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលពន្យារពេលមកពីឆ្នាំ២០២១ ដោយសារបញ្ហាកូវីដ-១៩ នេះ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៦៤នាក់ មកពី ១៦សមាគម/ក្លិបចូលរួម ដោយធ្វើការប្រកួតលើ ៧វិញ្ញាសា។

ចំពោះលទ្ធផលបច្ចេកទេសនៃការប្រកួត គេឃើញក្លិបក្រសួងមហាផ្ទៃ បានបន្ដឈ្នះមេដាយច្រើនជាងគេ ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣ ខណៈក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ៣ ។ រីឯក្លិបកីឡាវាយសី ពហុកីឡដ្ឋានជាតិ សម្ព័ន្ធកីឡាវាយសីខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដណ្ដើមបានមេដាយមាស ១គ្រឿងដូចគ្នា។

ក្រោយបញ្ចប់ការប្រកួត លោក លី កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលមានកិច្ចសហការល្អពីប្រតិភូ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនី បានខិតខំបញ្ចេញអស់ពីសមត្ថភាព គោរពវិន័យ និងបទបញ្ជាការប្រកួតបានត្រឹមត្រូវ។ ឯអាជ្ញាកណ្ដាល ចៅក្រម បានអនុវត្តតួនាទី ដោយប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌មិនលំអៀង ជំរុញឲ្យការប្រកួតនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យ។

ទន្ទឹមជាមួយគ្នាលោកបានផ្ញាំផ្ញើដល់កីឡាករ-កីឡាការិនីជ័យលាភី និងអ្នកមិនទាន់ដណ្ដើមបានមេដាយក្ដី ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករ-កីឡាការិនី មានសិទ្ធផលខ្ពស់ ទាំងកីឡាករ-កីឡាការិនី រួមទាំងគ្រូបង្វឹក និងអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះ ដោយស្មើមុខមាត់លើឆាកអន្ដរជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ប្រមុខសហព័ន្ធខាងលើ បានបញ្ជាក់ថា «ទាំងអស់គ្នា ត្រូវប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ជំនាញកីឡាវាយសី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដោយត្រូវរួមគ្នាជាធ្លុងមួយចូលរួមកសាងស្នាដៃជាប្រវត្តិសាស្ដ្រ តាមរយៈការដណ្ដើមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍នេះ(ស៊ីហ្គេម)»

ប្រភព http://plus.freshnewsasia.com/