ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៧:៣៤:០១ ល្ងាច

លោកស្រីបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន២៥រូប

លោកស្រីបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងបំពាក់គ្រឿងឥស្សរិយស្ស ជូនដល់បងប្អូនខ្មែររស់នៅក្រៅប្រទេសចំនួន២៥រូប

(បារីស, បារាំង)៖ លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ ស្នាដៃក្នុងបុព្វហេតុ សប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ ចំនួន២៥រូប នៅប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី, លោក កេត សោផាន់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស បារាំង, លោក ហួត ហាក់ រដ្ឋលេខាធិការក្រសួង តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោកស្រី ម៉ាន ណាវី តំណាងរាស្ត្រមណ្ឌលរាជាធានីភ្នំពេញ និងលោកស្រី ម៉ាន់ ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនជនរួមជាតិ ដែលនៅប្រទេសបារាំងទាំងអស់ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី លោកស្រី សូមថ្លែងអំណរគុណជាអនេកប្បការចំពោះស្មារតីស្នេហាជាតិ ក្នុងការរួមគ្នាធ្លុងមហាសាមគ្គីគ្រួសារជាតិខ្មែរ គោរពស្រឡាញ់ ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សា ការពារមាតុភូមិ និងបានសូមថ្លែងអំណរគុណចំពោះ៖

*ទី១៖ លោកឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋសហគមន៍បងប្អូនខ្មែរយើងជាប់ជាប្រចាំ។ ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គី ភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

*ទី២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានពិនិត្យលើសំណើរបស់អគ្គរាជទូត និងបានលើកសំណើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគ្រឿងឥស្សរិយយស ជូនបងប្អូនខ្មែរ ដែលមានគុណបំណាច់ស្នាដៃរស់នៅក្រៅប្រទេស ក្នុងបុព្វហេតុសប្បុរសធម៌ ស្នេហាមនុស្សធម៌ និងស្នេហាមាតុភូមិ ដែលបានរៀបចំពិធីបំពាក់នាពេលនេះ។

*ទី៣៖ បងប្អូនជនរួមជាតិដែលរស់នៅប្រទេសបារាំង និងអឺរ៉ុប ដែលតែងជឿទុកចិត្ត និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលទទួលភារៈ ដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្រ រហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំង ក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេស ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។ នេះគឺជាផលបច្ច័យ ជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងការខិតខំប្រឹងប្រែងបម្រើប្រកប ដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ ថ្នាក់ឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួល បានពីប្រជាពលរដ្ឋ៕

ប្រភព https://freshnewsasia.com/