ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៧:១៩:៣៦ ល្ងាច

ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់, លោកអភិបាលខណ្ឌចំការមន ណែនាំឱ្យខិតខំធ្វើការតបទៅនឹងតម្រូវការ និងផលប្រយោជន៍ប្រជាពលរដ្ឋ

ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់, លោកអភិបាលខណ្ឌចំការមន ណែនាំឱ្យខិតខំធ្វើការតបទៅនឹងតម្រូវការ និងផលប្រយោជន៍ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លើកឡើងនាឱកាសអញ្ជើញប្រកាសសុពលភាពប្រធានក្រុមប្រឹក្សា សង្កាត់ទន្លេបាសាក់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែនាំដល់ក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ខិតខំអនុវត្ដរាល់ភារកិច្ច ឱ្យសម្រេចបាននូវសមិទ្ធផល ជាពិសេសត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍ ប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌ ក៏បានសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្ដរបស់លោក លោក ខាត់ ណារិទ្ឋ ប្រធានក្រុមប្រឹក្សា សង្កាត់ ទន្លេបាសាក់ អាណត្តិចាស់ ក៏ដូចអាណត្តិថ្មីនេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ អនុវត្ដរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ដអនុវត្ដការងារ របស់ក្រុមប្រឹក្សាសង្កាត់អាណត្ដិថ្មី (អាណត្តិទី៥) នេះ បន្តដឹកនាំអភិវឌ្ឍន៍រីកចំរើនមូលដ្ឋានថែមទៀត។

លោក ថេង សុថុល បានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ បម្រើប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យបានល្អ ប្រសើរ អនុវត្តន៍គោលនយោបាយ ភូមិ -សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា សមាជិកក្រុមប្រឹក្សា ដែលបានជាប់ឆ្នោត ទោះបីជា លោក-លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗ គ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។ ក្នុងអាណត្តិការងារ ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹង តម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការ នយោបាយនោះឡើយ៕

ប្រភព https://freshnewsasia.com/