(រ៉ូម)៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ផ្នែកខ្លះនៃផ្ទាំងទឹកកនៅតំបន់ជួរភ្នំអាល់ (Alps) របស់ប្រទេសអ៉ីតាលី បានបាក់រលំកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយសារកតា្តប្រែប្រួលអាកាសធាតុ បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ រីឯ៨នាក់ទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋបាលខេត្ត ត្រេនតូ (Trento) បាននិយាយថា ប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការបន្ទាប់ពី «ការបាក់ធ្លាក់ផ្ទាំងទឹកក» ដ៏ធំមួយ រអិលត្រូវចំក្រុមអ្នកឡើងភ្នំ ម៉ាម៉ូឡាដា (Marmolada) ដែលមានកម្ពស់ ៣,៣០០ម៉ែត្រ ស្ថិតនៅភាគខាងកើតប្រទេសអ៉ីតាលី។ អភិបាលតំបន់ វេនេតូ (Veneto) លោក លូកា ហ្សាអ៉ីយ៉ា (Luca Zaia) បញ្ជាក់ថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យ ខណៈដែលឧទ្ធម្ភាគចក្រនិងសត្វសុនខ ត្រូវបានប្រើប្រាស់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
គួរបញ្ជាក់ថា រលកកំដៅនាដើមរដូវក្តៅក្នុងប្រទេសអ៉ីតាលី បាននាំឲ្យសីតុណ្ហភាព នៅលើភ្នំ ម៉ាម៉ូឡាដា ឡើងដល់១០អង្សា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ការកើនឡើងនៃសីតុណ្ហភាពជាមធ្យម បានបណ្តាលឲ្យផ្ទាំងទឹកកនៅលើ ភ្នំម៉ាម៉ូឡាដា ក៏ដូចជាផ្ទាំងទឹកកក នៅកន្លែងដទៃទៀតនៅជុំវិញពិភពលោក បានរលាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព https://freshnewsasia.com/