(ញូវយ៉ក)៖ ប្រភពបានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ចំនួន ២៥៨ពាន់លានដុល្លារ ជុំវិញការចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ (cryptocurrency)។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ទាក់ទងនឹងពាក្យបណ្តឹងខាងលើនេះត្រូវបានប្តឹងដោយវិនិយោគិន Dogecoin ម្នាក់ដែលមានឈ្មោះថា Keith Johnson «ជាពលរដ្ឋអាមេរិកដែលត្រូវបានបោកបញ្ឆោតប្រាក់ដោយចុងចោទ Dogecoin Crypto Pyramid Scheme» កំពុងតែដាក់ពាក្យប្តឹង Musk និងក្រុមហ៊ុនរបស់គាត់ដោយអះអាងថាពួកគេបានបង្កើតសហគ្រាសខុសច្បាប់ដើម្បីបំប៉ោងតម្លៃ Dogecoin។
យ៉ាងណាមិញលោក Johnson បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់លោកដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតុលាការសហព័ន្ធ Manhattan ថា «ចុងចោទខាងលោក Musk បានក្លែងបន្លំ និងបោកបញ្ឆោតថា Dogecoin គឺជាការវិនិយោគស្របច្បាប់ ស្របពេលដែលវាមិនមានតម្លៃទាល់តែសោះ»។ ខណៈដែលលោកបានបញ្ជាក់ថា«ចុងចោទបានដឹងតាំងពីឆ្នាំ២០១៩ មកម្លេះថា Dogecoin មិនទាន់មានតម្លៃ ប៉ុន្តែបែរជាផ្សព្វផ្សាយពី Dogecoin ដើម្បីទទួលបានប្រាក់ចំណេញពីការជួយដូររបស់វាទៅវិញ»។
ជាមួយគ្នានេះ Johnson កំពុងទាមទារសំណងចំនួន ៨៦ពាន់លានដុល្លារ បូករួមទាំងសំណងការខូចខាតបីដងបន្ថែមទៀតមានចំនួន ១៧២ពាន់លានដុល្លារ សររុបមកបណ្តឹងនេះមានតម្លៃដល់ទៅ ២៥៨ពាន់លានដុល្លារ។ ក៏ដូចជាចង់រារាំង Musk និងក្រុមហ៊ុនពីការផ្សព្វផ្សាយ Dogecoin ថែមទាំងបង្ហាញទៅចៅក្រមដើម្បីប្រកាសថាការជួយដូរ Dogecoin គឺជាការលេងល្បែងស៊ីសងនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក និងញូវយ៉ក។ តែយ៉ាងណាមិញទាក់ទិននឹងបណ្តឹងនេះ ភាគីខាងលោក Elon Musk មិនទាន់ចេញមុខមកធ្វើការអាត្ថាធិប្បាយនោះឡើយ៕
ប្រភព https://freshnewsasia.com/