(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងលោក Oriol Mohedano Segura អតីតគ្រូបង្វឹកក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺរ គឺជាគ្រូជំនួយការរបស់ខ្លួន ដើម្បីរួមចំណែកដឹកនាំ និងពង្រឹងក្រុមឲ្យកាន់តែខ្លាំងជាមួយគ្រូបង្គោល លោក Conor Nestor សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ។
ការតែងតាំងគ្រូជំនួយដែលកាន់សញ្ញាបត្រ UEFA A-License រូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតលោកធ្លាប់តែដឹកនាំក្លិបធំៗ នៃលីគកំពូលកម្ពុជា។ យ៉ាងណាក្ដីគេឃើញអ្នកគាំទ្រក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមានបុរសសញ្ជាតិអេស្ប៉ាញរូបនេះ។
គួរដឹងថា លោក Oriol Segura បានមកប្រកបអាជីពនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងនាមគ្រូបង្គោលក្លិបភ្នំពេញក្រោន តែក្រោយដឹកនាំបាន ៤ប្រកួត ដោយលទ្ធផលមិនសមប្រកប លោកក៏ព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្រុមសិង្ហក្រហមពាក់កណ្ដាលផ្លូវ ហើយទៅចូលរួមជាមួយក្រុមជើងឯក នៃប្រទេសហ្វាំងឡង់ គឺក្លិប SJK Seinajoki ក្នុងនាមគ្រូជំនួយ។
ប៉ុន្ដែឆ្នាំ២០១៧ លោកបានត្រឡប់មកដឹកនាំក្រុមនៅលីគកំពូលកម្ពុជាវិញ ក្នុងនាមគ្រូបង្គោលក្លិបអង្គរថាយហ្គឺរ រហូតដល់ឆ្នាំ២០២១។ រយៈពេល ៤ឆ្នាំ នៃការដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ លោក Oriol ដឹកនាំក្រុមបានសរុបប្រមាណ ១០០ប្រកួត តែមិនសូវទទួលបានលទ្ធផលសមប្រកបនោះទេ មុនឈានដល់ការចែកផ្លូវការកាលពីចុងរដូវកាលចាស់កន្លងទៅ៕
ប្រភព http://plus.freshnewsasia.com/