(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសរៀបចំពានរង្វាន់ «គរុគុណ» លើកដំបូង ដើម្បីរម្លឹក និងការដឹងគុណ ចំពោះឥស្សរជនឆ្នើម ២រូប គឺសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធ ដែលបានដឹកនាំ និងអភិវឌ្ឍន៍កីឡានេះឲ្យរីកចម្រើនរហូតត្រូវបានអន្ដរជាតិចាត់ទុកកម្ពុជា គឺជាប្រទេសមហាអំណាចកីឡាប៉េតង់ពិភពលោក។
តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ឆ្នាំ២០២០ នឹងធ្វើការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកាខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែមុនឈានដល់ថ្ងៃប្រកួត នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកានេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មួយនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ថ្នាក់ជាតិនេះផងដែរ។
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ធ្លាប់បានបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» ធ្វើឡើងក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់សម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។
ដោយហេតុនេះហើយ ទើបសហព័ន្ធសម្រេចដាក់ឈ្មោះព្រឹត្តិការណ៍ខាងលើថា ពានរង្វាន់ «គរុគុណ» ដែលសំដៅទៅលើគុណូបការៈដ៏ធំធេង ដែលមិនអាចតបស្នង និងបំភ្លេចបាន ចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់ស្ថាបនិកសហព័ន្ធទាំងពីរ។ ចំពោះវិញ្ញាសាប្រកួតវិញ សហព័ន្ធបានកំណត់ចំនួន ៨វិញ្ញាសាសម្រាប់កីឡាករ-កីឡាការិនីមកពីសមាគម/ក្លិប ចូលរួមប្រកួតប្រជែងនៅពហុកីឡដ្ឋានជាតិ។
គួរបញ្ជាក់ថា ប៉េតង់ គឺជាប្រភេទកីឡាមួយដ៏មានសក្ដានុពលរបស់កម្ពុជា ក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន រហូតដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន កីឡាប៉េតង់ តែងដណ្ដើមមេដាយជូនជាតិជាបន្ដបន្ទាប់ ពិសេសវីរៈកីឡាការិនី កែ ឡេង ដែលដណ្ដើមបានមេដាយមាសពិភពលោក ៤សម័យជាប់គ្នា ហើយជាកីឡាការិនីដំបូងលើពិភពលោក ដែលធ្វើបានកំណត់ត្រាដ៏អស្ចារ្យនេះ៕
By https://freshnewsasia.com/