(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នឹងមកដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជា ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ។
យោងតាមមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា លោក Keisuke Honda នឹងមកដឹកនាំក្រុមគោព្រៃជំទង់កម្ពុជាផ្ទាល់ តែពេលនេះ លោកមិនទាន់ធ្វើដំណើរមកដល់កម្ពុជានោះទេ ។ ដូច្នេះការប្រមូលផ្ដុំហ្វឹកហាត់ក្នុងដំណាក់កាលតេស្ដលើកទី១ ស្អែកនេះ នឹងដឹកនាំហ្វឹកហាត់ដោយក្រុមការងារគ្រូជំនួយ ។
គួរដឹងថា កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋមចំនួន ៧៤នាក់ សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដដំណាក់កាលទី១ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០២-០៤ ខែកុម្ភៈ ហើយចម្រាញ់កីឡាករឆ្នើមៗ សម្រាប់ត្រៀមការប្រកួតពានរង្វាន់ AFF U23 Championship 2022 ។
សម្រាប់ព្រឹត្តិការណ៍ប្រចាំតំបន់នៅរាជធានីភ្នំពេញខាងលើ នឹងប្រើប្រាស់ទីលានប្រកួតចំនួន ២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ រួមជាមួយទីលានហ្វឹកហាត់មួយចំនួនទៀត ។ ចំពោះលទ្ធផលបែងចែកពូល ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ។ រីឯពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី ៕
ប្រភព http://plus.freshnewsasia.com/