(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធ Mason Greenwood របស់ Manchester United ត្រូវបានផ្តាច់ការឧបត្ថម្ភដោយក្រុមហ៊ុន Nike។ នេះបើយោងតាមក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាខ្នាតយក្សបានឲ្យដឹងនៅដើមសប្តាហ៍ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រូវបានប៉ូលិសចាប់ខ្លួន ដោយជាប់សង្ស័យពីបទរំលោភ និងបំពានផ្លូវភេទលើស្រ្តីផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
កីឡាកររូបនេះ ក្រោយមកក៏ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់ផងដែរ។
Greenwood វ័យ ២០ឆ្នាំត្រូវបានដោះលែងពីការឃុំខ្លួនកាលពីសប្តាហ៍មុន ដោយកំពុងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែលោកនៅតែត្រូវបានផ្អាកពីការប្រកួត ដោយក្លិបដែលលេងនៅលីគ Premier League រហូតដល់មានការជូនដំណឹងបន្ថែម។
Nike បានលើកឡើងកាលពីសប្តាហ៍មុនថា ពួកគេបានផ្អាកទំនាក់ទំនងរបស់ពួកគេជាមួយនឹង Greenwood ដោយសារពួកគេមានការព្រួយបារម្ភ ពីការចោទប្រកាន់។ ឥឡូវនេះពួកគេ បានផ្តាច់ការឧបត្ថម្ភទាំងស្រុងចំពោះកីឡាកររូបនេះហើយ។
«Mason Greenwood មិនមែនជាអត្តពលិករបស់ Nike ទៀតនោះទេ»។ Nike បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។
ការចោទប្រកាន់លើ Greenwood ក្នុងនោះរួមមានវីដេអូ រូបថត និងសំឡេង ត្រូវបានបង្ហោះលើបណ្តាញ Instagram ហើយក្រោយមកក៏ត្រូវបានលុបចោលវិញ។ លោកត្រូវបានប៉ូលិសចាប់ខ្លួនជាលើកដំបូងនៅថ្ងៃទី៣០ ខែមករា ហើយត្រូវបានឃុំខ្លួន នៅមន្ទីរឃុំឃាំងរបស់ប៉ូលិស មុនពេលត្រូវបានដោះលែងកាលពីថ្ងៃទី២ ខែកុម្ភៈ៕
ប្រភព http://plus.freshnewsasia.com/