(ឡុងដ៍)៖ ចក្រភពអង់គ្លេស និងអៀរឡង់ បានប្រកាសពីគម្រោងក្នុងការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ 2028 European Championship។ នេះបើតាមការឲ្យដឹងពីសមាគមបាល់ទាត់អង់គ្លេស, អៀរឡង់ខាងជើង, ស្កុតឡេន, វេលស៍ និងសាធារណរដ្ឋអៀរឡង់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមមួយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។
សមាគមបាល់ទាត់នៃប្រទេសទាំង៥ បានបោះបង់ចោលគម្រោងក្នុងការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ 2030 World Cup ហើយនឹងជំនួសមកវិញនូវការផ្តោតលើព្រឹត្តិការណ៍ Euros។
ពួកគេបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការធ្វើជាម្ចាស់ផ្ទះ UEFA Euro ផ្តល់នូវការវិលត្រឡប់ស្រដៀងគ្នា លើការវិនិយោគ ជាមួយនឹងព្រឹត្តិការណ៍តំបន់អឺរ៉ុប ចំណាយតិចជាង ហើយទទួលបានផលប្រយោជន៍លឿនជាង»។
«យើងជឿជាក់ថា អង់គ្លេស និងសាធារណរដ្ឋអៀរឡង់អាចផ្តល់ឲ្យ UEFA និងស្ថាប័នបាល់ទាត់អឺរ៉ុប នូវអ្វីដែលពិសេសក្នុងឆ្នាំ២០២៨។ ការសហការគ្នារៀបចំ ជាលក្ខណៈ ៥ប្រទេសនេះដែលប្លែកពីគេនេះ នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ក្រុម និងអ្នកគាំទ្រ»។
គួររំលឹកថា ព្រឹត្តិការណ៍ 2020 Euros ត្រូវបានធ្វើឡើងនៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៤ ខាងមុខ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសអាល្លឺម៉ង់តែមួយគត់៕
ប្រភព http://plus.freshnewsasia.com/