(ក្រុងឡុងដ៍)៖ អ្នកចាំទីរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsdale នឹងត្រូវអវត្តមានពីការប្រកួតរយៈពេល ២-៣សប្តាហ៍ បន្ទាប់ពីរងរបួសត្រគាក នៅអំឡុងពេលការប្រកួតពាក់កណ្តាលសប្តាហ៍ ដោយបានចាញ់ក្រោមថ្វីជើងក្រុម Liverpool។ នេះបើតាមការអះអាងពីអ្នកចាត់ការ Mikel Arteta ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។
Ramsdale ដែលបានចូលរួមជាមួយ Arsenal កាលពីខែសីហា ដោយតម្លៃខ្លួនជាបឋម ២៤លានផោន (៣១.៦៣លានដុល្លារអាមេរិក) នោះ បានចាប់ផ្តើមគ្រប់ការប្រកួតទាំងអស់ក្នុងលីគ Premier League សម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះ ចាប់តាំងពីលោកបានចូលរួមក្នុងក្រុមជម្រើស ១១នាក់ដំបូងមក។
កីឡាករ Ramsdale ក៏ត្រូវបានកោះហៅសម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិអង់គ្លេសនៅចុងខែនេះដែរ ដែលត្រូវប៉ះក្រុមស្វីស និងកូតឌីវ័រផងដែរ។ លោកបានបង្ហាញខ្លួនជាលើកដំបូងលេងឲ្យតោកំណាចកាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងការប្រកួតឈ្នះ ១០-០ លើក្រុមសាំងម៉ារ៉ាំង៕
ប្រភព http://plus.freshnewsasia.com/