ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៩:៤៧ ល្ងាច

បទវិភាគអន្តរជាតិ៖ «ចិនចង់ឃើញហុងកុងមានអនាគតភ្លឺស្វាង តែមិនមែនបំបែករដ្ឋនោះឡើយ»

បទវិភាគអន្តរជាតិ៖ «ចិនចង់ឃើញហុងកុងមានអនាគតភ្លឺស្វាង តែមិនមែនបំបែករដ្ឋនោះឡើយ»

(ហុងកុង)៖ ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងបាតុកម្មតវ៉ាកាលពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅដាក់ទោសទណ្ឌលើអ្នកទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធំៗចំនួនបួនដូចជា សកម្មភាពបំបែករដ្ឋ, វិទ្ធង្សនា, ភេរវកម្ម និងការគប់គិតជាមួយបទេស ឬកម្លាំងនៅក្នុងស្រុក ដើម្បីបំផ្លាញសន្តិសុខជាតិ។

សហរដ្ឋអាមេរិក អង់គ្លេស និងបណ្ដាអឺរ៉ុបមួយចំនួនបានថ្កោលទោសយ៉ាងខ្លាំង លើការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដែលអាចនឹងបំផ្លាញឋានៈ នៃតំបន់រដ្ឋបាលពិសេសចិនមួយនេះ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

តាមការពិតទៅ ចិនក៏ចង់ឃើញទីក្រុងហុងកុងមានអនាគតភ្លឺស្វាង, ជោគជ័យ និងជឿនលឿនទៅមុខផងដែរ។ ប៉ុន្តែសេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវតែដើរទន្ទឹមគ្នា ហើយដោយសារតែបាតុកម្មតវ៉ាក្នុងទីក្រុងហុងកុង ស្ទើរពេញមួយឆ្នាំ២០១៩កន្លងទៅ បានជំរុញឱ្យទីក្រុងប៉េកាំង ត្រូវតែដាក់ច្បាប់សន្តិសុខជាតិថ្មី សំដៅគ្រប់គ្រងស្ថានការណ៍ឡើងវិញ, ទប់ស្កាត់ចលនាបំបែករដ្ឋ ឬទាមទារឯករាជ្យ, បាតុកម្មបង្កចលាចល ដើម្បីកុំឱ្យតៃវ៉ាន់ និងតំបន់ស្វយ័តដទៃៗទៀតរបស់ចិនយកគំរូតាម។

១៖ ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចស្ថេរភាពនយោបាយនៅក្នុងទីក្រុងហុងកុង គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ចិន ពីព្រោះទីក្រុងហុងកុងគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលប្រៀបដូចជា ស្ពានតភ្ជាប់រវាងចិនដីគោក និងទីផ្សារសកល។

គោលនយោបាយ «ប្រទេសមួយប្រព័ន្ធពី» របានជួយសម្រួល និងផ្ដល់លទ្ធភាព ដល់វិនិយោគគិនចិន ក្នុងនោះរួមមានទាំងក្រុមហ៊ុនរដ្ឋ អាចរក្សាការគ្រប់គ្រងអាជីវកម្ម នៅក្នុងប្រទេសចិន ក្រោមច្បាប់ពាណិជ្ជកម្មរបស់ចិន និងចូលក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិទីក្រុងហុងកុង ក្រោមច្បាប់ហុងកុង។ ផ្សារហ៊ុន Hong Kong Stock Exchange ឈរនៅចំណាត់ថ្នាក់ក្នុងចំណោមផ្សារហ៊ុនកំពូលៗ នៅលើពិភពលោក ជាពិសេសប្រព័ន្ធហ៊ុន IPO ដែលមានទំហំទឹកប្រាក់ ៤០.៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។

ដូច្នេះសម្រាប់ចិន ការរីកចម្រើន និងភាពជោគជ័យរបស់ទីក្រុងហុងកុង គឺពិតមានសារៈសំខាន់ ព្រោះវាចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចចិន ប៉ុន្តែទន្ទឹមគ្នា ចិនក៏កំពុងអភិវឌ្ឍទីក្រុងសៀងហៃ និងទីក្រុង ហ្សិនជិន (Shenzhen) ឱ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជាទីក្រុងហុងកុងផងដែរ ដើម្បីបង្ការកុំឱ្យប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ប្រើប្រាស់ទីក្រុងហុងកុងជាលេសដាក់សម្ពាធលើចិន។

២៖ បទដ្ឋានថ្មីនៃអន្តរាគមន៍របស់រដ្ឋច្បាប់សន្តិសុខជាតិថ្មីមិនគួរត្រូវបកស្រាយ ឬយល់ត្រឹមតែនៅក្នុង បរិបទគោលនយោបាយសេដ្ឋកិច្ចរបស់ចិននោះទេ តែវាក៏អាចនឹងផ្លាស់ប្ដូរ ហើយបើកផ្លូវផងដែរឱ្យរដ្ឋលូកដៃ ឬក៏ធ្វើអន្តរាគមន៍ លើកិច្ចការពាណិជ្ជកម្មទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិសុខជាតិ ជាពិសេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបច្ចេកវិទ្យាជាដើម។

សរុបសេចក្តីមក ប្រទេសជាច្រើននៅលើពិភពលោក សុទ្ធតែមានច្បាប់សន្តិសុខជាតិ ហើយក្នុងនោះប្រទេសដូចជាអូស្ត្រាលី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា ដែលមានច្បាប់សន្តិសុខជាតិតឹងរ៉ឹងបំផុត ដើម្បីឃ្លាំមើលការវិនិយោគរបស់បរទេស៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០)

ប្រភព http://www.freshnewsasia.com