ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:១៤:៣៧ ល្ងាច

Arsenal និង Leicester ឈ្នះដូចគ្នា តែអភ័ព្វតែ Spurs ក្នុងប្រកួតលើកទី២នៅ Europa League

Arsenal និង Leicester ឈ្នះដូចគ្នា តែអភ័ព្វតែ Spurs ក្នុងប្រកួតលើកទី២នៅ Europa League

(ក្រុងឡុងដ៍)៖ Arsenal និង Leicester City សុទ្ធតែរកបាន ៣ពិន្ទុបន្ថែមដូចគ្នា គ្រាដែលមាន់ខ្នាយមាស Tottenham Hotspur ចាញ់ក្នុងនាម ៣ក្រុមរបស់អង់គ្លេសដែលលេងនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះ។

Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Mikel Arteta រកបាន ៣ពិន្ទុក្នុងដីនៃកីឡដ្ឋានដោយស្រួល តាមរយៈបំបាក់ក្រុម Dundalk ក្នុងលទ្ធផល ៣-០ ដើម្បីបន្តកាន់កាប់កំពូលតារាងនៃពូល B ក្នុងចំណោម ២ប្រកួតមកនេះ តាមពីក្រោយដោយ Molde ដែលបានយកឈ្នះ Rapid Wien ១-០ នារាត្រីថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ ដូចគ្នា រកបាន ៦ពិន្ទុមិនទាន់ចាញ់ផងដែរ។

យ៉ាងណាមិញសម្រាប់ឯការប្រកួតសន្សំពិន្ទុប្រចាំពូល G វិញ Leicester City ក៏បន្តរកបាន ៣ពិន្ទុជាលើកទី២ ទៀតដែរ ក្រោយយកឈ្នះ AEK Athens របស់ក្រិក ២-១ ដើម្បីបន្តឈរនៅលេខ២ ក្នុងតារាងទៀតដែរជាមួយនឹង ៦ពិន្ទុស្មើក្រុមកំពូលតារាង SC Braga ដែលបានយកឈ្នះ ២-១ ដូចគ្នាទៅលើម្ចាស់ផ្ទះ Zorya។

តែសម្រាប់ក្រុម Tottenham Hotspur ដែលដឹកនាំដោយលោក Jose Mourinho វិញ បែរជាភ្លាត់ស្នៀតចាញ់ម្ចាស់ផ្ទះ Royal Antwerp ក្នុងលទ្ធផល ១-០ ក្នុងប្រកួតទី២ របស់ពួកគេនៅ Europa League បន្ទាប់ពីបំបាក់ក្រុម LASK ៣-០ កាលពីថ្ងៃបើកឆាក និងធ្លាក់មកឈរនៅលេខ២ វិញដោយមាន ៣ពិន្ទុស្មើជាមួយ LASK ដែលបានយកឈ្នះក្រុមភ្ញៀវ Ludogorets Razgrad ៤-៣ នៅយប់មិញនេះដូចគ្នានៃវគ្គសន្សំពិន្ទុប្រចាំពូល J៕

By http://plus.freshnewsasia.com/