(ប៉េកាំង)៖ ការជិះស្គីល្បឿនលឿនជាវិញ្ញាសាធំនៃកីឡាលើទឹកកក ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានវិញ្ញាសាប្រកួតជិះស្គីល្បឿនលឿនតូចៗសរុបចំនួន១៤។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោក កាវ ធីងយូ កីឡាករចិន បានឈ្នះមេដាយមាសក្នុងការប្រកួត នៃវិញ្ញាសាជិះស្គីល្បឿនលឿនក្រុមបុរសចម្ងាយ ៥០០ម៉ែត្រ ហើយបានបំបែកកំណត់ត្រានៃកីឡាអូឡាំពិក។ នេះគឺជាមេដាយមាសគ្រឿងទីមួយរបស់ប្រទេសចិន ក្នុងវិញ្ញាសាជិះស្គីល្បឿនលឿនក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ហើយក៏ជាមេដាយគ្រឿងទីបួនរបស់គណៈប្រតិភូអត្តពលិកចិន ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ។ មេដាយមាសមួយគ្រឿងនេះ គឺបានផ្ទុកអត្ថន័យយ៉ាងជ្រាលជ្រៅ។
ក្នុងឆ្នាំ១៩៦៣ កីឡាករចិន លួ ហ្ស៊ីហួន បានក្លាយជាជើងឯកពិភពលោកទីមួយរបស់ប្រទេសចិនថ្មី ខាងវិញ្ញាសាជិះស្គីល្បឿនលឿន។ នាឆ្នាំ ១៩៨០ គណៈប្រតិភូអត្តពលិកចិនបានដើរលើ សង្វៀនប្រកួតកីឡាអូឡាំពិករដូវរងាជាលើកដំបូង ឯអ្នកកាន់ទង់គឺកីឡាករជិះស្គីល្បឿនលឿន ចាវ អួយឆាង។ នៅឆ្នាំ២០២២ កីឡាករកាវធីងយូបានសម្រេចការបំបែកកំណត់ត្រាថ្មី សម្រាប់វិញ្ញាសាជិះស្គីល្បឿនលឿនរបស់ចិន ដែលគួរឱ្យយើងសម្តែងគារវកិច្ចចំពោះការខិតខំតស៊ូ របស់កីឡាករកីឡាការិនីព្រិលទឹកកកពីមួយជំនាន់ទៅមួយជំនាន់។ វាជាការបន្តវេនដ៏ល្អបំផុតសម្រាប់អតីតកាល ហើយក៏ជាការរំពឹងទុកយ៉ាងកក់ក្តៅចំពោះអនាគតផងដែរ។
ប៉ុន្មានឆ្នាំមុន វិញ្ញាសារទេះព្រិលធ្វើពីដែកនៅតែជា រឿងប្លែកចំពោះកីឡាព្រិលទឹកកកចិន។ ឥឡូវនេះ កីឡាករយានវឹនកាងបានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសារនេះ ដែលមិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់ប៉ណ្ណោះទេ ថែមទាំងបានបន្ថែមទឹកចិត្តជំនឿក្នុងការតស៊ូផងដែរ។
កីឡាកររិនជាវ៉ីដណ្តើមបានមេដាយមាសនៃ វិញ្ញាសាជិះស្គីល្បឿនលឿនក្រុមបុរសចម្ងាយ ១០០០ម៉ែត្រ ដែលបានពង្រឹងនូវគុណសម្បត្តិប្រពៃណីរបស់ចិន។ កីឡាការិនីគូអៃលីង និងកីឡាករស៊ូអ៊ីមីងបានឈ្នះមេដាយមាសនិងមេដាយប្រាក់ ដោយឡែកពីគ្នាក្នុងវិញ្ញាសាជិះក្តារស្គីព្រិល ដែលនាំមកនូវការចាប់អារម្មណ៍ថ្មី។ អត្តពលិកកាន់តែច្រើនឡើងលើ សង្វៀនប្រកួតជាលើកដំបូង ចាប់ផ្តើមកសាងក្តីសុបិនថ្មី។ល។
ការប្រកួតកីឡាអូឡាំពិកបានជំរុញឱ្យកីឡាព្រិលទឹកកករបស់ប្រទេសចិន មានការអភិវឌ្ឍថ្មីស្រឡាង។ ទំនោរលេងកីឡាព្រិលទឹកកកដែលមានប្រជាពលរដ្ឋចំនួន ៣០០លាននាក់ចូលរួម គួបផ្សំជាមួយភាពក្លៀវក្លារបស់កីឡាករកីឡាការិនី ដែលប្រកួតយ៉ាងពេញទំហឹងក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា។ ក្តីប្រាថ្នាចំពោះអនាគតគឺបង្កប់នៅក្នុងជ័យជំនះ នៅលើនិងនៅក្រៅសង្វៀនប្រកួតម្តងៗ។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានធ្វើពាក់កណ្តាលហើយ ការបំបែកកំណត់ត្រាម្តងហើយម្តងទៀត លើសង្វៀនប្រកួតបាននាំមកនូវក្តីសប្បាយ ធ្វើឱ្យយើងកាន់តែរំពឹងទុកចំពោះ ភាពអស្ចារ្យនៃការប្រកួតពាក់កណ្តាលទៀត។ កីឡាព្រិលទឹកកករបស់ចិនដែលទទួលបាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ បាននិងកំពុងរួមចំណែកថ្មីសម្រាប់ការអភិវឌ្ឍដោយផុសផុល នៃវិញ្ញាសាកីឡារដូវរងាពិភពលោក ហើយអុជបំភ្លឺភ្លើងគប់កីឡាអូឡាំពិកដែលមិនរលត់ អំពាវនាវដល់ពិភពលោកឱ្យនាំគ្នាឆ្ពោះទៅអនាគត៕
ប្រភព https://freshnewsasia.com/