(បាសេឡូណា)៖ ក្លិបអេស្ប៉ាញ FC Barcelona បានចុះកិច្ចព្រមព្រៀងខ្ចីជើងខ្សែបម្រើប្រយុទ្ធ Adama Traore ពី Wolverhamton Wanderer រហូតដល់ចប់រដូវកាលនេះ។ នេះបើយោងតាម BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។
Troare ជាកីឡាករសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់លេងឲ្យជម្រើសជាតិបាន ៨ប្រកួតមកហើយដែរ គិតចាប់តាំងពីឆ្នាំ២០២០ មក។
ក្លិបអ្នកមានបុណ្យខាងលើ នឹងទទួលបន្ទុកថ្លៃពលកម្មរបស់កីឡាករវ័យ ២៦ឆ្នាំ Troare ជាមួយនឹងជម្រើសទិញដាច់ផងដែរនារដូវក្តៅខាងមុខ ដ្បិតរូបគេនៅសល់កិច្ចសន្យា ១៨ខែទៀតជាមួយក្លិបលេងនៅ Premier League គឺ Wolves ដោយពុំទាន់ឈានដល់កិច្ចសន្យាថ្មីណាមួយនៅឡើយទេ។
សូមរំលឹកថា Adama Troare ក៏ជាកីឡាករដែលផ្តើមអាជីពបាល់ទាត់ដំបូងពីក្លិប Barcelona ដែរ មុនចាកចេញពីទឹកដី Camp Nou មកចូលរួមជាមួយ Aston Villa នាឆ្នាំ២០១៥ មុនពេលចំណាយពេល ២ឆ្នាំលេងឲ្យ Middlesbrough និងចូលរួមជាមួយក្លិបកញ្ជ្រោង Wolves ក្នុងតម្លៃបំបែកកំណត់ត្រាក្នុងក្លិប ១៨លានផោនកាលឆ្នាំ២០១៨៕
ប្រភព http://plus.freshnewsasia.com/