(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ទទួលដ្រូនកសិកម្ម ចំនួន៤គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
លោកបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខ និងកោតសរសើររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ អ្នកគ្រូ លោកគ្រូ និងសហការី នៃសាកលវិទ្យា ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់បម្រើដល់វិស័យកសិកម្ម នៅកម្ពុជា។
លោកបណ្ឌិត ម៉ឹង មករា បានលើកឡើងថា អំណោយនេះគឺជាការចូលរួមចំណែកជាមួយសាកលវិទ្យាល័យ ក្នុងការងារទំនើបកម្មកម្មវិធីបណ្តុះបណ្តាលលើវិស័យកសិកម្ម ដល់និស្សិត ដែលកំពុងទទួលការសិក្សា នៅសាកលវិទ្យាល័យផ្ទាល់តែម្តង។
សាកលវិទ្យាធិការលោក ង៉ោ ប៊ុនថាន បានសំដែងសេចក្តីសោមនស្ស និងថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសវិស័យកសិកម្ម និងសន្យាថា សាកលវិទ្យាល័យ នឹងប្រើប្រាស់ និងថែទាំដ្រូនទាំងនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ក្នុងការកសាងធនធានមនុស្ស ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មនៅកម្ពុជា ឲ្យបានប្រសើរឡើង៕
ប្រភព https://freshnewsasia.com/