(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា បានរៀបចំការជួបជុំគ្នាជាថ្មីឡើងវិញជាមួយក្រុម អ្នកគាំទ្រ របស់ លោក នៅឯទីក្រុង Tulsa នៃរដ្ឋ Oklahoma បើទោះបីជាក្រុមអ្នកជំនាញផ្នែកសុខាភិបាល បានព្រមានប្រឆាំងការ ប្រមូលផ្តុំ គ្នាទ្រង់ទ្រាយ ធំក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ជួបជុំខាងលើត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌល BOK ហើយនៅចំពោះមុខក្រុមអ្នកគាំទ្រ លោក ដូណាល់ ត្រាំ បាននិយាយ ស្ងើចសរសើរអំពីគោលនយោបាយរបស់លោក និងវាយប្រហារទៅលើបក្សប្រជាធិបតេយ្យ ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានអាមេរិក ។ ក្រៅពីនេះ លោក ត្រាំ ក៏បានលើកឡើងទាក់ទងនឹងបញ្ហាក្នុងប្រទេសមួយចំនួនផងដែរ រួមមានទាំងជំងឺ COVID-19 ដែលបានឆ្លងមនុស្ស ជាង២.៣លាននាក់ ក្នុងនោះបណ្តាលឲ្យស្លាប់ជាង១២០,០០០នាក់ នៅសហរដ្ឋអាមេរិក។
គួរជម្រាបថា ការជួបជុំជាមួយអ្នកគាំទ្រនៅថ្ងៃសៅរ៍សប្តាហ៍នេះ គឺជាលើកទីមួយក្នុងរយៈពេលប្រមាណជាង៣ខែ បន្ទាប់ពីលោក ត្រាំ បាន ផ្អាកដោយសារជំងឺ COVID-19 បានរីករាលដាលខ្លាំងនៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ វាត្រូវបានធ្វើឡើងស្របពេលដែលបញ្ហានេះ នៅតែជាក្តីបារម្ភធំដដែល ព្រោះគេសង្កេតឃើញថាករណីឆ្លងនៅតាមរដ្ឋមួយចំនួនរបស់អាមេរិក ហាក់បានស្ទុះឡើងវិញ ក្រោយបើកទ្វារ៕
credit freshnewsasia