ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៩:២៩:០៦ ល្ងាច

ធ្ងន់កហើយ! អៀរឡង់ប្តឹងទាមទារសំណង «១៨៥លានដុល្លារ» ពីក្រុមហ៊ុនអាមេរិក Boeing

ធ្ងន់កហើយ! អៀរឡង់ប្តឹងទាមទារសំណង «១៨៥លានដុល្លារ» ពីក្រុមហ៊ុនអាមេរិក Boeing

(អឺរ៉ុប)៖ ក្រុមហ៊ុនផ្តល់សេវាកម្មជួលយន្តហោះ ដែលមានមូលដ្ឋាននៅប្រទេសអៀរឡង់ បានប្តឹងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពីបទរំលោភកិច្ចសន្យាទិញយន្តហោះ សរុបចំនួន ២២គ្រឿង ហើយក្រុមហ៊ុននៅអឺរ៉ុបនេះបានទាមទារសំណងរហូតដល់ ១៨៥លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមហ៊ុនអៀរឡង់មានឈ្មោះថា ថែមអ៊ែរ៉ូ (Timaero Ireland Ltd) បានដាក់ពាក្យប្តឹងដូចខាងលើនេះ ក៏ព្រោះតែខ្លួនបានទទួលរងគ្រោះ ដោយសារតែការពន្យារពេលអស់ជាង ៩ខែរបស់ Boeing ក្នុងការប្រគល់យន្តហោះ ទៅតាមកិច្ចសន្យាទិញ ហើយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ Boeing បែរជាបានប្រកាសទៀតថា យន្តហោះត្រកូល 737 MAX នឹងត្រូវផ្អាកការផលិតទាំងស្រុងតែម្តង គិតចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ដោយគ្មានការបរិច្ឆេទកំណត់ជាក់លាក់ថា នឹងដំណើរការវិញនៅពេលណាឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Timaero បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចសន្យាទិញយន្តហោះត្រកូល 737 MAX រវាងក្រុមហ៊ុន Boeing និង Timaero ឥឡូវនេះប្រែក្លាយជាគ្មានតម្លៃ ឬអាសាបង់តែម្តង...»។ ឆ្លើយតបនឹងបញ្ហាចំពោះមុខនេះ Timaero បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការរួចហើយ ដើម្បីទាមទារឲ្យ Boeing ផ្តល់សំណងដល់ខ្លួនជាទឹកប្រាក់ ១៨៥លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បញ្ហារបស់ Boeing នឹងកាន់តែរីកធំ ខណៈក្រុមអ្នកជំនាញបានមើលឃើញថា ក្រុមហ៊ុនជាច្រើនទៀតនឹងធ្វើការប្តឹងប្តល់ចំពោះ Boeing ដោយសារតែការបន្តផ្អាក ប្រតិបត្តិការ យន្តហោះ 737 MAX និងការផ្អាកផលិតកម្មរបស់វា ចំពោះមុខការបញ្ជាទិញយ៉ាងច្រើន នៅមុនពេលយន្តហោះត្រកូលនេះជួបបញ្ហា។ គិតចាប់តាំងពីបញ្ហាផ្ទុះឡើង ក្រោយការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី និងអេត្យូពី ដែលបានផ្តាច់ជីវិតមនុស្ស ៣៤៦នាក់នោះមក ក្រុមហ៊ុន Boeing បានខាតបង់ចំណូលជាង ៩ពាន់លានដុល្លារហើយ៕

ប្រភព៖​ FRESH NEWS