ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២៦:១៣ ល្ងាច

រដូវ​ប្រមូល​ផល​ ​តម្លៃ​ស្រូវ​ទាប​ខ្ពស់ទៅ​តាម​តំបន់​ ​ក្រសួង​ជំនាញ​ចេញមុខ​ពន្យល់​បង្ហាញ​

រដូវ​ប្រមូល​ផល​ ​តម្លៃ​ស្រូវ​ទាប​ខ្ពស់ទៅ​តាម​តំបន់​ ​ក្រសួង​ជំនាញ​ចេញមុខ​ពន្យល់​បង្ហាញ​

រាជធានី​ភ្នំពេញ​៖​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ច្រានចោល​ ​និង​ចាត់ទុក​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​ ​ជុំវិញ​តម្លៃ​ស្រូវ​ចុះថោក​ ​ថា​ជា​រឿង​មិន​ពិត​ ​និង​ផ្ទុយពី​ការណ៍​ដែល​ក្រសួង​ជំនាញ​មួយ​នេះ​ ​កំពុង​យកចិត្ត​ទុកដាក់​ធ្វើ​ ​ដើម្បី​ភាពល្អ​ប្រសើរ​នៅក្នុង​តម្លៃ​នៃ​ទីផ្សារ​កសិកម្ម​ ​ពិសេស​ចំពោះ​តម្លៃ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​។​

​យោង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ចុះ​ថ្ងៃទី១៧​ ​ធ្នូ​ ​២០១៩​ ​របស់ក្រ​សួង​ខាងលើ​ ​បាន​គូសបញ្ជាក់​ជូន​សាធារណៈ​ជន​ថា​ ​ចំពោះ​តម្លៃ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ ​ពិសេស​ខេត្ត​ជាប់​ព្រំប្រទល់​ដែន​ជាមួយនឹង​ប្រទេស​ថៃ​ ​មិន​ធ្លាក់​ថ្លៃ​ចុះថោក​ ​ដូច​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នោះ​ទេ​ ​គឺ​តម្លៃ​ស្រូវ​មានតម្លៃ​សមរម្យ​ ​លើកលែងតែ​ស្រូវ​អន់​គុណភាព​ប៉ុណ្ណោះ​។​

ក្រសួង​ជំនាញ​ផ្នែក​វិស័យ​កសិកម្ម​ ​បាន​សង្កត់ធ្ងន់​ថា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​បាន​រិះគន់​ ​ក៏ដូចជា​ផ្តល់​យោបល់​ទៅ​ក្រសួង​កសិកម្ម​ ​ពាក់ព័ន្ធ​តម្លៃ​ស្រូវ​ចុះថោក​ ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ជាប់​ព្រំដែន​ថៃ​ ​ដូចជា​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាត់ដំបង​ ​និង​ពោធិ៍សាត់​ ​ជាដើម​។​ ​ជុំវិញ​ការ​លើកឡើង​ទាំងអស់​នោះ​ ​ក្រសួង​បាន​ធ្វើការ​ច្រានចោល​ ​និង​ចាត់ទុកថា​ជា​ព័ត៌មាន​មិន​ពិត​ ​ព្រោះ​ខណៈ​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​កសិកម្ម​ ​ចុះ​ជួយ​រក​ទីផ្សារ​ ​និង​រក្សា​តម្លៃ​ឲ្យ​សមស្រប​ទៅ​នឹង​តម្លៃ​នៃ​វត្ថ​ធាតុ​ដើម​ ​និង​ថ្លៃ​ពលកម្ម​ដែល​ប្រជាកសិករ​បាន​ចំណាយ​ ​នៅក្នុង​ការ​បង្កបង្កើនផល​។​

​នៅក្នុង​លិខិត​ដដែល​នេះ​ ​ក៏បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្នុង​វិធានការ​អន្តរាគមន៍​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ចេញ​សាច់ប្រាក់​ចំនួន៥០លាន​ដុល្លារ​អាមេរិក​ ​ក្នុង​គោលដៅ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ ​និង​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ ​យក​មក​ស្តុក​ទុក​ ​កិន​កែច្នៃ​សម្រាប់​នាំចេញ​។​

​សូមជម្រាប​ដែរ​ថា​ ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​ ​នៅ​ថ្ងៃទី១៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ ​វិធានការ​រក្សា​តម្លៃ​ឲ្យបាន​សមរម្យ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​។​

​ជាមួយ​នឹង​សេ​ចក្តី​ជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​លោក​បណ្ឌិត​ ​យ៉ង​ ​សាំង​កុមារ​ ​អតីតប្រធាន​អង្គការ​កសិកម្ម​សេដា​ក​ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​សំណេរ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ខ្លី​ថា​ ​«​ល្អ​ ​តែ​ដូចជា​ចង់​ហួស​ពេល​ហេីយ​។​ ​កសិករ​លក់​ស្រូវ​ជិត​អស់​ហេីយ​»​៕​

ប្រភព៖ Cambo Globe