ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២៦:៥៧ ល្ងាច

ទឹកជំនន់វាយប្រហារប្រទេសណាខ្លះខ្លាំងជាងគេ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

ទឹកជំនន់វាយប្រហារប្រទេសណាខ្លះខ្លាំងជាងគេ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

(បរទេស)៖ គ្រោះទឹកជំនន់ គឺជាគ្រោះមហន្តរាយមួយដ៏កំណាច ដែលតែងឆក់យកជីវិតមនុស្សរៀងរាល់ឆ្នាំ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិនានាជុំវិញពិភពលោក។ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះ?

banner

នៅប្រទេសចិន ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញរាប់ពាន់ឆ្នាំមកហើយ តែប្រជាជននៅតែទ្រាំរស់នៅជាមួយការលិចលង់នេះតាំងពីបុរាណដល់ពេលបច្ចុប្បន្ន ហើយក៏តែងតែមានមនុស្សស្លាប់ជារៀងរាល់ឆ្នាំដែរ។ គ្រោះមហន្តរាយដ៏កំណាចនេះ គឺបង្កឡើងដោយទន្លេសំខាន់ៗចំនួន២ គឺទន្លេឆាងជាំង (យ៉ង់សេ) និងទន្លេលឿង ខណៈប្រជាជនប្រមាណ៣៥០លាននាក់កំពុងរស់នៅតាមដងទន្លេឆាងជាំង និងប្រមាណ១០០លាននាក់ទៀតរស់នៅតាមដងទន្លេលឿង។

យោងតាមគេហទំព័រ Nikkei Asia បានបង្ហាញថា នៅឆ្នាំ២០២០នេះ ប្រជាជនចិនប្រមាណ២.៧លាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយប្រមាណជាង៦៣លាននាក់ទៀតបានរងផលប៉ះពាល់។

យោងតាមការកត់ត្រា នៅឆ្នាំ១៨៨៧ ទន្លេលឿងបានជន់លិចលើផ្ទៃដីប្រមាណ៣០,០០០គីឡូម៉ែត្រការ៉េ ធ្វើឱ្យលិចលង់ភូមិដ្ឋានរបស់ប្រជាជនចិនអស់ប្រមាណ១,៥០០ភូមិ។ រីឯទន្លេឆាងជាំងនៅភាគខាងត្បូងនោះវិញ ក៏តែងតែបង្កឱ្យមានទឹកជំនន់គួរឱ្យភ័យខ្លាចខ្លាំងណាស់ ខណៈទឹកជំនន់ធំបំផុតបានកើតឡើងនៅឆ្នាំ១៨៨៧ បង្កឱ្យមានអ្នករងគ្រោះប្រមាណ៩០០,០០០នាក់។ រហូតមកដល់ឆ្នាំ១៩៣៨ ទឹកជំនន់ក៏បានបង្កឱ្យមានអ្នករងគ្រោះប្រហាក់ប្រហែលនឹងឆ្នាំ១៨៨៧ដែរ។

ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០រហូតមក ប្រទេសចិនតែងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ជាបន្តបន្ទាប់។ ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានកសាងទំនប់ច្រកភ្នំចំនួន៣ ចាប់ពីឆ្នាំ២០០៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេឆាងជាំង ឬទន្លេយ៉ងសេនេះ។

ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនទៀតដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ ក្នុងនោះរួមមានប្រទេសឥណ្ឌា បង់ក្លាដែស វៀតណាម ប៉ាគីស្ថាន ឥណ្ឌូណេស៉ី អេហ្ស៉ីប មីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន នីហ្សេរីយ៉ា ប្រេស៉ីល ថៃ កុងហ្គោ អ៉ីរ៉ាក់ ព្រមទាំងកម្ពុជាផងដែរ។

ជាការពិតណាស់ អ្នកវិទ្យាសាស្ត្របានចែកគ្រោះទឹកជំនន់ជាបីប្រភេទធំៗ៖

* ទឹកជំនន់តំបន់វាលទំនាប៖ កើតឡើងដោយសារទឹកឡើងចាលមិនអាចហូរចេញតាមប្រព័ន្ធផ្លូវទឹកទាន់ពេល ហើយក៏ហៀរចេញទៅយាយីតំបន់ទំនាបៗជុំវិញ។ ជួនកាលទឹកជំនន់ពន្លិចទំនាបធំធេងរហូតដល់ផ្ទៃទឹកក្លាយទៅជាបឹង។

* ទឹកជំនន់តំបន់ជ្រោះ៖ កើតឡើងដោយសារមានភ្លៀងធំធ្លាក់មកយ៉ាងគំហុក ធ្វើឱ្យទឹកជន់ឡើងស្រឺតៗសាយរីកធំយ៉ាងរហ័ស។ ហេតុការណ៍ដូច្នេះធ្លាប់កើតឡើងនៅតំបន់វ៉ែសុនឡារ៉ូម៉ែន (Vaison la Romiane) ក្នុងប្រទេសបារាំង កាលពីខែកញ្ញា ឆ្នាំ១៩៩២។

* ជំនន់ទឹកភ្លៀង៖ កើតមកពីការបង្អុរព្យុះភ្លៀងធំផ្ទួនៗ ពុំអាចឱ្យទឹកជ្រាបចូលទៅក្នុងដីទាន់ពេល ដោយទីតាំងខ្លះជាផ្លូវក្រាលកៅស៊ូ ឬបេតុង ចំណតយានយន្ត ឬហូរចូលលូមិនទាន់។ ករណីបែបនេះធ្លាប់កើតមាននៅទីក្រុងនីម (Nimes) ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ១៩៨៨៕

ប្រភព http://plus.freshnewsasia.com/

 

 

www.freshnewsasia.com