(សេអ៊ូល)៖ រដ្ឋាភិបាលកោះតៃវ៉ាន់និងរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានរាយការណ៍ឱ្យដឹងថា អាជ្ញាធរកោះតៃវ៉ាន់បានរកឃើញសាកសពមនុស្សចំនួន ២នាក់ហើយ បន្ទាប់ពីកប៉ាល់មួយគ្រឿង ដែលផ្ទុកជនជាតិកូរ៉េខាងត្បូងចំនួន ៦នាក់ បានបាត់ខ្លួននៅក្នុងតំបន់ឆ្នេរនៃច្រកសមុទ្រកោះតៃវ៉ាន់ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តដំណើរការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។
កប៉ាល់ខាងលើឈ្មោះ ក្យូតូ វាន់ (Kyoto 1) ដែលមានដោតទង់ជាតិនៃប្រទេសសៀរ៉ាឡេអូន (Sierra Leone) ទម្ងន់ ៣២២តោន បានធ្វើដំណើរពីទីក្រុង ប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅកំពង់ផែបាតាំ (Batam) នៃប្រទេសឥណ្ឌូណេស៊ី ដោយមានសណ្តោងកប៉ាល់មួយគ្រឿងគឺ ក្យូតូ ធូ (Kyoto 2) ខណៈកប៉ាល់ ក្យូតូ ធូ ត្រូវបានរកឃើញនៅតំបន់នោះ។
អាជ្ញាធរកោះតៃវ៉ាន់ បានបញ្ជាក់ថា ពួកគេបានទទួលសញ្ញាអាសន្នពីកប៉ាល់ Kyoto 1 នៅវេលាម៉ោងប្រហែល ៩៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ពីទីតាំងមួយដែលមានចម្ងាយប្រហែល ២៩គីឡូម៉ែត្រ ពីភាគខាងលិចនៃកោះតៃវ៉ាន់។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមសង្គ្រោះបន្ទាន់ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ហើយបានបញ្ជូនកប៉ាល់ល្បាត និងឧទ្ធម្ភាគចក្រ ដើម្បីគាំទ្រប្រតិបត្តិការស្វែងរកនេះ» និងបន្ថែមថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរកោះតៃវ៉ាន់ ខណៈអ្នកនេសាទ បានរកឃើញសាកសពមនុស្សចំនួន ២នាក់ហើយ ដែលអត្តសញ្ញាណរបស់ពួកគេ មិនទាន់ត្រូវបានបញ្ជាក់នៅឡើងទេ ហើយកិច្ចខិតខំប្រឹងប្រែង កំពុងបន្តស្វែងរកមនុស្សចំនួន ៤នាក់ផ្សេងទៀត»៕
ប្រភព https://freshnewsasia.com/