ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣០:០០ ល្ងាច

លោក ម៉ាក្រុង៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ

លោក ម៉ាក្រុង៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រនេះបាននិយាយថាសង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗ ខាងមុខនេះទេ ខណៈរុស្ស៉ីបានប្ដូរយុទ្ធសាស្ត្រទៅផ្តោតលើតំបន់ភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tass នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង RTL។ លោក ម៉ាក្រុងបានបញ្ជាក់ដូច្នេះថា «ជាអកុសល, ជម្លោះ នឹងមិនបញ្ចប់ឆាប់ៗនេះទេ។ ខ្ញុំជឿថាយើងនឹងបានឃើញស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ដុនបាស់ (Donbass) នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ ខាងមុខនេះ»។ លោកបន្ថែមទៀតថា «នេះហើយគឺជាហេតុផលដែលយើងទាំងអស់គ្នា រួមជាមួយតួកគី, ក្រិក និងអង្គការសហប្រជាជាតិ កំពុងព្យាយាម រៀបចំប្រតិបត្តិការមនុស្សធម៌ នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) និងទីក្រុងណេប (Dnepr)»

គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង, រុស្ស៉ីក៏ទំនងជានឹងមិនផ្ដល់សម្បទានណាមួយដែរ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ពោលគឺវាអាចអូសបន្លាយរហូតដល់ ពាក់កណ្ដាលខែឧសភាខាងមុខ ឬនៅថ្ងៃទី៩ ខែឧសភាដែលជាថ្ងៃរុស្ស៉ីប្រារព្ធទិវាជ័យជម្នះលើកងទ័ពអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២៕

ប្រភព https://freshnewsasia.com/