(តូក្យូ)៖ ប្រទេសជប៉ុននិងហ្វីលីពីន បានឯកភាពគ្នានៅថ្ងៃសៅរ៍នេះ ថានឹងពិចារណាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិបន្ថែមទៀត ដើម្បីរួមគ្នាទប់ទល់នឹងផលវិបាក ដែលកើតឡើងពីភាពតានតឹងក្នុងតំបន់ ក៏ដូចជាសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅសៅរ៍ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាទីក្រុងតូក្យូ រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ របស់ប្រទេសអាស៉ីទាំងពីរ ខណៈវាគឺជាជំនួបក្រោមក្រមខណ្ឌ «២+២» លើកដំបូង រវាងជប៉ុននិងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ហ្វីលីពីន គឺជាប្រទេសទី៩ ដែលជប៉ុនបានបង្កើតក្របខណ្ឌ «២+២» បែបនេះជាមួយ ហើយជាប្រទេសទី២ នៅតំបន់អាស៉ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី។
រដ្ឋមន្រ្តីការបទេសជប៉ុន លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា ប្រទេសទាំងពីរ នឹងពិនិត្យមើលពីលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការ និងចែករំលែកការផ្គត់ផ្គង់បន្ថែមទៀត។ កាលពីឆ្នាំ២០១៥ កន្លងទៅ ជប៉ុននិងហ្វីលីពីន បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិឲ្យកាន់តែជិតស្និទ្ធ ហើយចាប់តាំងពីពេលនោះមក ភាគីទាំង២ បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជិត២០លើក ហើយក៏បានរួមគ្នាធ្វើសមយុទ្ធទ័ពអាកាសផងដែរ កាលពីឆ្នាំ២០២១។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ និងទីក្រុងម៉ានីល សុទ្ធតែមានបញ្ហាវិវាទជាមួយប្រទេសចិន គឺពាក់ព័ន្ធទៅនឹងតំបន់សមុទ្រចិនខាងកើត និងខាងត្បូង ខណៈបញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ក៏ជាក្តីកង្វល់សម្រាប់ប្រទេសទាំងពីរ ដូចគ្នា៕
ប្រភព https://freshnewsasia.com/