នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានផ្ញើសារជាសំឡេង ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ អភិបាលរាជធានីខេត្ត ជុំវិញបញ្ហាការបើកសាលាឡើងវិញ។សម្ដេចបានថ្លែងថា កន្លងទៅបានបិទសាលារៀន សំដៅការពារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាការចាំបាច់ក្នុងការការពារអាយុជីវិតលោកគ្រូ អ្នកគ្រូ យុវជន យុវនារី ។
ប៉ុន្តែដោយអាស្រ័យពិនិត្យឃើញថា នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដបានឆ្លងដោយដាច់ ដោយដុំ ហើយប្រមូលផ្ដុំនៅតាមទីប្រជុំជន ទីក្រុង ភាគច្រើន ឯតំបន់ជនបទ គឺហាក់បានកើតឡើងតិចតួច ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ហើយសាលាទាំងអស់ក៏ត្រូវបានបិទ ។ សម្ដេចនាយករដ្ឋមន្ត្រីថ្លែងបន្តថា ដូច្នេះសម្ដេចស្នើសុំឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយបណ្ដាខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងមួយចំនួនដែលលពុំមានជំងឺឆ្លងកើតឡើង ។
សម្ដេចថ្លែងថា សាលានៅតាមជនបទ ដែលពុំមានការឆ្លង អាចមានលទ្ធភាពបើកសាលានោះ ដោយមិនចាំបាច់រង់ចាំទូទាំងប្រទេស ឬ ទូទាំងខេត្តឡើយ ដោយធ្វលការជ្រើសរើសតាមស្រុក តាមភូមិ តាមឃុំ ដែលអាចបើកសាលាវិញបាន ឱ្យសិស្សបានចូលសិក្សា ដោយរក្សាគម្លាតសុវត្ថិភាព រក្សាវិធានការសុខាភិបាល ដើម្បីឱ្យកុមារបានចូលរៀន ប្រសិនបើបន្តបិទបន្តទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក នាំឱ្យសិស្សបោះបង់សាលារៀន សិស្សភ្លេចអក្សរជាដើម ៕