ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គគង់នៅវត្តទេពធីតារ៉ាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានខិតខំសន្សំបច្ច័យទាំងលុយដុល្លារ និងលុយខ្មែរ បានជិត១ម៉ឺនដុល្លារ ដោយទុកក្នុងកេសដេក នៅក្នុងកុដិចាក់សោយ៉ាងត្រឹមត្រូវ តែដឹងអី ! គ្រាន់តែព្រះសង្ឃអង្គនោះនិមន្តមកសូត្រធម៌ បុណ្យសពនៅក្នុងសាលាឆាន់ ស្រាប់តែចោរចង្រៃនោះលួចទៅកាត់សោកុដិយកប្រាក់ទាំងនោះអស់គ្មានសល់។
ករណីចោរកម្ម ចោរលួចលុយព្រះសង្ឃនេះ បានកើតឡើង កាលពីព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សោយចោរអាចចូលធ្វើសកម្មភាពនៅចន្លោះពីម៉ោង៥ទៅម៉ោង៦ល្ងាច ក្នុងខណៈពេលដែលព្រះសង្ឃចេញ ទៅសូត្រធម៌ បុណ្យសពនៅក្នុងសាលាឆាន់ ។ ព្រះសង្ឃជាម្ចាស់បច្ច័យ បានឲ្យដឹងថា បានបាត់លុយដុល្លារចំនួន៩ ០០០ដុល្លារ និងលុយខ្មែរចំនួន២ ៩០០ ០០០រៀល ។ ពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែបើកការស៊ើបអង្កេតតាមចាប់ជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់៕