កោះកុង៖ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជូនស្ត្រីវ័យ ៣៧ឆ្នាំម្នាក់ ទៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ក្រោយសម្រាលកូន បានកូនភ្លោះចំនួន ៣ ខណៈស្ត្រីជាម្តាយទារក ពរពោះបានតែជាង ៦ខែ។
បើតាមការសាកសួរព័ត៌មានពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា ស្តី្រជាម្តាយ ធ្លាប់មានផ្ទៃពោះ និងការសម្រាលកូនលើកទី ៥ហើយ និងជាករណីទី ១ ដែលមានស្ត្រីមានកូនភ្លោះដល់ទៅ ៣នាក់ ត្រូវបានមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យមុនពេលបញ្ជូនស្ត្រីជាម្តាយ និងកូនភ្លោះទាំង ០៣នាក់ទៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូនគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់ស្រ្តីជាម្តាយ ឈ្មោះ ផល បូផា អាយុ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត បានបញ្ជាកថា ការសម្រាលកូននេះធ្វើឡើងបានដោយជោគជ័យ ដោយមានការសហការពីក្រុមគ្រូពេទ្យ ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីវេលាម៉ោង៤:១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ហើយបានជួយសម្រាលបានកូនភ្លោះ ៣នាក់ (ប្រុស២នាក់, ស្រី១នាក់) ទី១ ភេទប្រុស ទម្ងន់ ០,៧គក្រ ទី២ ភេទប្រុស ទម្ងន់ ១គក្រ និងទី៣ ភេទស្រី ទម្ងន់ ០,៧គក្រ ស្ថិតក្នុងស្ថានភាពសុខភាពទន់ខ្សោយខ្លាំង។ ចំពោះមុខស្ថានភាពបែបនេះ ស្ត្រី និងទារកទាំង ០៣នាក់នោះ ទទួលការថែទាំ ព្យាបាលបន្តយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយើង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងជាបណ្តោះអាសន្នសិន។
ដោយពិនិត្យឃើញសភាពលក្ខណៈរបស់ទារកទាំង០៣ ទាមទារតម្រូវការខ្ពស់ផ្នែកសម្ភារបច្ចេកទេស ម្យ៉ាងវិញទៀត ស្ថានភាពសុខភាពក៏ទន់ខ្សោយខ្លាំង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យសម្រេចបញ្ជូនស្ត្រីជាម្តាយ និងកូនភ្លោះទាំង ០៣នាក់ទៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ពិនិត្យ និងព្យាបាកបន្ត៕