(ព្រុចសែល)៖ មន្រ្តីជាន់ខ្ពស់របស់ EU និងបារាំង បានឱ្យដឹងថា សហភាពអឺរ៉ុប (EU) កំពុងត្រៀមរៀបចំផ្តល់ការអនុញ្ញាតឱ្យ ប្រជាពលរដ្ឋអ៊ុយក្រែនទាំងឡាយ ដែលរត់ភៀសខ្លួនពីសង្រ្គាម ទទួលបានសិទ្ធិស្នាក់នៅនិងធ្វើការងារ នៅក្នុងប្លុកដែលមានសមាជិក ២៧ប្រទេសនេះ បានដល់រយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា មកទល់ឥឡូវ ជនភៀសខ្លួនអ៊ុយក្រែនយ៉ាងហោច ៣០០,០០០នាក់ បានមកដល់ក្នុងសហភាពអឺរ៉ុប ហើយ EU ចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លានទៀត។ សមាជិកសហភាពអឺរ៉ុប ដែលមានព្រំប្រទល់ដីគោកជាប់ជាមួយអ៊ុយក្រែន រួមមានប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងហុងគ្រី។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីមហាផ្ទៃ EU បានដាក់ភារកិច្ចឱ្យគណៈកម្មាការអឺរ៉ុប រៀបចំសេចក្តីព្រាងមួយស្តីពីការផ្តល់ការការពារដល់ ក្រុមជនភៀសខ្លួនអ៊ុយក្រែន។ យោងតាមសេចក្តីណែនាំស្តីពីការផ្តល់ការការពារបណ្តោះអាសន្នរបស់ EU ដែលត្រូវបានបង្កើតឡើង ក្រោយសង្រ្គាមទសវត្សរ៍ឆ្នាំ១៩៩០ នៅតំបន់បាល់កាន ប៉ុន្តែមិនធ្លាប់ត្រូវបានប្រើប្រាស់ឡើយនោះ គឺជនភៀសខ្លួនទទួលបានសិទ្ធិចន្លោះ១-៣ឆ្នាំ ក្នុងការស្នាក់នៅ, ធ្វើការងារ ហើយទទួលបានសុខមាលភាពសង្គម និងការព្យាបាលសុខភាព នៅក្នុងរដ្ឋដែលជាសមាជិក EU ទាំងអស់។
ដោយផ្អែកលើការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ លោក ហ្សាណេស ឡេណាស៉ីគ (Janez Lenarcic) ស្នងការអឺរ៉ុប ទទួលបន្ទុកជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិ បានលើកឡើងថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅ ៤លាននាក់ ត្រូវគេរំពឹងថា នឹងរត់ភៀសខ្លួនចេញពីប្រទេស៕
ប្រភព https://freshnewsasia.com/