(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងសន្សំពិន្ទុនៃលីគកំពូលអង់គ្លេស Premier League 2020-2021នឹងវិលចូលប្រជែងគ្នាវិញនៅក្នុងសប្តាហ៍ទី៥ ដែលមានក្រុមខ្លាំង Everton នឹងប៉ះជាមួយក្រុមការពារតំណែងជើងឯក Liverpool ដែលជាជំនួបយ៉ាងស្វិតស្វាញ បន្ទាប់ពីក្រុមដែលដឹកនាំដោយលោក Anceloti មិនទាន់ស្គាល់ចាញ់នៅឡើយ សម្រាប់ ៤ប្រកួតមកនេះ។
លោក Anceloti បានដឹកនាំក្រុមស្ករគ្រាប់ Everton មិនទាន់របូត ៣ពិន្ទុនៅឡើយទេក្នុង Premier League រដូវកាលថ្មីនេះ គ្រាដែលកូនក្រុម កីឡាករ Calvert-Lewin ក៏កំពុងឈរលើតារាងកីឡាកររកបាន ៦គ្រាប់ច្រើនជាងគេជាមួយខ្សែបម្រើ Son Heung-min របស់ក្លិប Tottenham Hotspur។ Everton និង Liverpool បានបញ្ចប់ទៅដោយលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Goodison Park ក្រោយពេលហង្សក្រហមបំបាក់ ៥-២ នៅ Anfield ២ប្រកួតនៅ Premier League រដូវកាលមុន។
Liverpool ទើបតែចាញ់ម្ចាស់ផ្ទះ Aston Villa ៧-២ នៅ ១ប្រកួតចុងក្រោយនៃសប្តាហ៍ទី៤ ស្របពេល Everton បានបន្តយកឈ្នះ Brighton & Hove Albion នៅកីឡដ្ឋាន Wembley មុនពេលសម្រាក ដើម្បីឲ្យកីឡាករទៅចូលរួមប្រកួតក្នុងពាន Nations League និងមិត្តភាពអន្តរជាតិជាដើម។
សម្រាប់ការប្រកួតដ៏សំខាន់នេះនឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដែលមាន ៣ប្រកួតរួមមាន Everton ជួបជាមួយ Liverpool, Chelsea ប៉ះ Southampton និងការជួបគ្នារវាងក្រុមខ្លាំងប៉ះខ្លាំង Manchester City ទល់នឹង Arsenal៕
By http://plus.freshnewsasia.com